កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន នាពេលកន្លងមកនេះ
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 តាមសាលារៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើងជាពិសេសផ្សព្វផ្សាយអំពីលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អង្គតាព្រះ ស្ថិតក្នុងភូមិមហារាជ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្នុងការចុះផ្សព្វផ្សាយនេះ ដោយមានការចូលរួមសហការពី គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សសរុបចំនួន៩៥៣នាក់(ក្នុងនោះមានសិស្សចំនួនស្រី៤៩៧នាក់) ចូលរួមផងដែរ។

ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្រុមការងារជំនាញកងរាជអាវុធហត្ថបានបន្តចុះផ្សព្វផ្សាយជាប្រចាំ ដោយបានពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសបន្តផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដើម្បីឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ ពិសេសរបៀបក្នុងការទំនាក់ទំនងមកកាន់លេខ1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការមណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)ដោយមិនចំណាយលុយនៅក្នុងការហៅចូលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕











