ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជួបពិភាក្សាដោយឥតគ្រោងទុក ជាមួយប្រធានសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្វាគមន៍លោក អាលី ឡារីចានី លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ មកកាន់វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ ក្នុងកិច្ចជំនួបកម្រិតខ្ពស់មួយដែលមិនបានប្រកាសទុកជាមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ឡារីចានី ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ អាលី ខាមេនី ត្រូវបានតែងតាំងឱ្យកាន់តំណែងរបស់លោកកាលពីខែសីហា ឆ្នាំមុន។ លោកធ្លាប់បានទៅទស្សនាទីក្រុងមូស្គូកាលពីរដូវក្តៅ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ប្រមុខរដ្ឋបានទទួលលោក អាលី ឡារីចានី លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី”។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើលោក ឡារីចានី កាលពីដើមខែនេះ ជុំវិញការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹង “ការបង្ក្រាបដោយហិង្សា” នៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ចាប់តាំងពីចុងខែធ្នូ។
ប្រែសម្រួលៈ ណៃ តុលា
