ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានថា អង្គការសហប្រជាជាតិកំពុងប្រឈមនឹងហានិភ័យនៃការអស់សាច់ប្រាក់ ហើយឈានទៅរកការដួលរលំ

បរទេស៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា អង្គការសហប្រជាជាតិកំពុងប្រឈមនឹងហានិភ័យនៃការអស់សាច់ប្រាក់ ខណៈដែលការមិនបានបង់ថ្លៃសេវា និងការខ្វះខាតថវិកាដោយរដ្ឋជាសមាជិក បានគំរាមកំហែងដល់ប្រតិបត្តិការសំខាន់ៗរបស់អង្គការនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Guterres បានចេញការព្រមាននេះនៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋជាសមាជិកទាំង ១៩៣ នៅសប្តាហ៍នេះ ដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ លោកបានជំរុញឱ្យគោរពការទូទាត់ជាកាតព្វកិច្ច ឬកែសម្រួលច្បាប់ហិរញ្ញវត្ថុរបស់អង្គការ ដើម្បីជៀសវាង “ការដួលរលំផ្នែកហិរញ្ញវត្ថុដែលជិតមកដល់”។ លោកអគ្គលេខាធិការបាននិយាយថា អង្គការសហប្រជាជាតិបានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដែល “កាន់តែធ្ងន់ធ្ងរ និងគំរាមកំហែងដល់ការផ្តល់កម្មវិធី” ដោយសាច់ប្រាក់អាចនឹងអស់នៅខែកក្កដា។

លិខិតនោះបានពិពណ៌នាអំពី “ស្ថានការ៍អាក្រក់ទ្វេដង” ដែលបង្កើតឡើងដោយច្បាប់មួយដែលបង្ខំឱ្យអង្គការសហប្រជាជាតិប្រគល់មូលនិធិដែលមិនបានចំណាយលើកម្មវិធីជាក់លាក់ទៅរដ្ឋជាសមាជិកវិញ សូម្បីតែពេលដែលការចូលរួមវិភាគទានមិនត្រូវបានបង់ក៏ដោយ ដែលធ្វើឲ្យអង្គការនេះជាប់គាំងនៅក្នុងអ្វីដែលលោក Guterres ហៅថា “វដ្ត Kafkaesque”។

ការព្រមានទាំងនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ដែលជាអ្នករួមចំណែកធំជាងគេរបស់អង្គការពិភពលោក បានកាត់បន្ថយមូលនិធិស្ម័គ្រចិត្តដល់កម្មវិធីជាច្រើនរបស់អង្គការសហប្រជាជាតិ និងកាត់បន្ថយការចំណាយជំនួយនៅឆ្នាំ ២០២៥។ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ចលនានេះមានបំណង «បញ្ចប់ការផ្តល់មូលនិធិដល់អ្នកជាប់ពន្ធអាមេរិក និងការចូលរួមក្នុងអង្គភាពដែលជំរុញរបៀបវារៈសកលនិយមជាងអាទិភាពរបស់សហរដ្ឋអាមេរិក»។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top