សម្តេចធិបតី៖ គោលការណ៍អាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា គឺការពារទឹកដី និងសុខសុវត្ថិភាព របស់ពលរដ្ឋ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាព វត្តកំពង់សង្កែ ចំនួន៧៧៤គ្រួសារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ។


ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មាន២ គឺ ការពារទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “ដូចនេះអ្វីៗដែលយើងបាននឹងកំពុងធ្វើ គឺជាសាក្ខីភាពច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន បានប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រើ និងផ្តល់ជម្រកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញ ឱ្យបានល្អប្រសើរ៕




ដោយ៖ ដារាត់| ដើមអម្ពិល








