ព័ត៌មានជាតិ

ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយ របស់រាជធានីភ្នំពេញ មានអាយុកាល១ឆ្នាំហើយ

ភ្នំពេញ៖ ដោយទទួលបានការចង្អុលបង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បង​ ផ្លូវថ្មើរជើងមួយខ្សែ បើគិតរហូតមកដល់ពេលនេះ ផ្លូវថ្មើរជើង ១ខ្សែនេះ គឺមានអាយុកាល១ឆ្នាំហើយ។

ផ្លូវថ្មើរជើងនេះស្ថិតលើតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនអនុញ្ញាត ឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។

បើតាមការរំលឹករបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ ដំបូងឡើយ មានមតិរិះគន់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន​ បានដើរបញ្រ្ចាស់ទិសគ្នា ប៉ុន្តែភាគច្រើនលើសលប់ គឺជាមតិគាំទ្រ និងអបអរសាទរ របស់សាធារណជន ចំពោះការរៀបចំដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ។

លោកស្រីអ្នកនាំពាក្យ បានលើកឡើងថា ផ្តើមចេញពីការរៀបចំជាបណ្តើរៗ ដូចជាការកែលំអភ្លើងបំភ្លឺ ការរៀបចំកែលម្អ និងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករ អាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា ការរៀបចំផ្ទាំងទស្សនីយភាពកម្សាន្ត ទាំងផ្នែកបុរាណ សម័យ និងកម្មវិធីផ្សេងៗ ជាហូរហែ ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងបរិវេណនេះជាប់ជាប្រចាំ បានធ្វើឱ្យផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍ របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេស យ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរ ជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ជាមួយនឹងភាពល្បីល្បាញនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី​ បានប្រសិទ្ធិនាមផ្លូវនេះជាផ្លូវការថា “ផ្លូវថ្មើរជើងចតុមុខ” ។ វាមិនត្រឹមតែជាទីតាំងកម្សាន្ត នាពេលរាត្រីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាច្រកការទូត-ទេសចរណ៍ ដ៏មានប្រជាប្រិយភាពផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី និងស្ថានទូតចិន បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តការណ៍សំខាន់ៗ ដោយបានដាក់តាំងបង្ហាញនូវសិល្បៈ វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសខ្លួន នៅលើផ្លូវថ្មើរជើងនេះ ព្រមទាំងបានទទួលការគាំទ្រ យ៉ាងច្រើនកុះករពីមហាជនផងដែរ។ ភាពជោគជ័យ នៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខ ក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បាននាំឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ ចូលចិត្តមកកម្សាន្តជាងគេ ព្រមទាំងទទួលបានការចាត់ថ្នាក់ ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ៕

To Top