ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ស្វាគមន៍ ចំពោះការរៀបចំដំណើរទស្សនកិច្ច របស់អ្នកមានឥទ្ធិពល លើបណ្តាញសង្គម និងសារព័ត៌មានជប៉ុនមកកម្ពុជា

ភ្នំពេញ៖ ឆ្លៀតឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ និង កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) លើកទី២៥, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកមបណ្ឌិត Hirabayashi Kunihiko អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន ជប៉ុន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ​ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ របស់មជ្ឈមណ្ឌលអាស៊ាន–ជប៉ុន ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា ជប៉ុន និងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា នៅទីផ្សារជប៉ុន រួមមានការរៀបចំ ដំណើរទស្សនកិច្ច របស់អ្នកមានឥទ្ធិពល លើបណ្តាញសង្គម ទៅកាន់ទីក្រុងសៀមរាប នៅខែកក្កដា ឆ្នាំ ២០២៥ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ នៅពិព័រណ៍ Expo 2025 Osaka–Kansai។

ចំពោះទិសដៅខាងមុខ, លោករដ្ឋមន្ត្រី ស្វាគមន៍ ចំពោះការរៀបចំដំណើរទស្សនកិច្ច របស់អ្នកមានឥទ្ធិពល លើបណ្តាញសង្គម និងសារព័ត៌មានជប៉ុន មកកម្ពុជា ព្រមទាំងការគាំទ្ររបស់ជប៉ុន នៅក្នុងការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ នៅក្នុងវិស័យទេសចរណ៍កម្ពុជា៕​

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top