ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ២.៣៦៣ នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១០៩.០៤៤នាក់ទៀត បន្តស្នាក់អាស្រ័យតាមជំរំនានា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវ សកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។

ក្រសួង បន្ដថា ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែល បង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក២.៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ ឬជាង ៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន១០៩.០៤៤នាក់ទៀត កំពុងបន្តស្នាក់ អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥៧.១៥៩នាក់ និងកុមារចំនួន៣៥.៦៧៣នាក់»៕

To Top