ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល១ថ្ងៃកន្លះ ដោយជោគជ័យនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ អង្គសន្និបាតបានឈានដល់ពិធីបិទ និងការបំពាក់គ្រឿងឥស្សរិយយស ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦ ។

យោងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលក្រសួងសម្រេចបាន ការបង្ហាញនូវបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបានយ៉ាងច្បាស់លាស់។ ទន្ទឹមនោះ អង្គសន្និបាតទាំងមូល ក៏មានចូលរួមពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ជាច្រើនប្រកបដោយន័យស្ថាបនាផងដែរ។

ថ្លែងក្នុងពិធីបិទ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបានស្របតាមផែនការគ្រោងទុក ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នាយ៉ាងជិតស្និទ្ធបង្កើតជា “សហថាមពល” ក្នុងគោលបំណងកសាងនូវសមិទ្ធផលថ្មីៗ ជាបន្ដបន្ទាប់សម្រាប់បម្រើជូនជាតិ និងប្រជាជន ក្រោមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” ។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញ និងបានសបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់មិនអាចខ្វះបាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។

ជាមួយនឹងការឯកភាពលើទិសដៅការងារឆ្នាំ២០២៦ ដែលអង្គសន្និបាតបានដាក់ចេញ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់យកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យគោលដៅការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងតំបន់ជនបទប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ សរុបចំនួន ១៥១រូប ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក៕

អត្ថបទសរសេរដោយៈ សុខ វុទ្ធី

To Top