ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងអាមេរិក​ នៅទីក្រុងហ្សឺណែវបង្ហាញថា ការទូតនៅតែបើកចំហ ប៉ុន្តែភាពខុសគ្នាសំខាន់ៗនៅតែមិនទាន់ដោះស្រាយបាន

គែរ៖ គណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាដោយប្រយោលជុំទីបីរបស់ពួកគេនៅទីក្រុងហ្សឺណែវ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ខណៈពេលដែលទីក្រុងតេអេរ៉ង់​ បានបង្ហាញពីភាពបត់បែនខាងយុទ្ធសាស្ត្រលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទីក្រុងវ៉ាស៊ីនតោន​ បានទទូចលើសម្បទានដ៏ទូលំទូលាយ ដែលនឹងរុះរើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ឥទ្ធិពលក្នុងតំបន់របស់ខ្លួន។

អ្នកជំនាញបានព្រមានថា ទោះបីជាកិច្ចពិភាក្សាដោយប្រយោលសម្រេចបាន “វឌ្ឍនភាពគួរឱ្យកត់សម្គាល់” និង “វឌ្ឍនភាពល្អ” ដូចដែលអ្នកសម្របសម្រួលអ៊ីរ៉ង់ អូម៉ង់​ បានរាយការណ៍ក៏ដោយ ក៏ការបែកបាក់ជាមូលដ្ឋានរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន​ នៅតែមិនអាចតភ្ជាប់បាន ដែលរក្សាហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធាឱ្យខ្ពស់ដល់កម្រិតគ្រោះថ្នាក់។

វឌ្ឍនភាពល្អនៅលើតុចរចា ប៉ុន្តែមិនទាន់មានការចាប់ដៃគ្នានៅឡើយទេ
កិច្ចចរចានៅទីក្រុងហ្សឺណែវ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff និងសម្របសម្រួលដោយប្រទេសអូម៉ង់ ត្រូវបានធ្វើឡើង ដោយភាគីទាំងពីរបានបង្ហាញនូវអ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ហៅថា “សំណើសំខាន់ៗ និងជាក់ស្តែង” ស្តីពីឯកសារនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញរយៈពេលបីម៉ោង គណៈប្រតិភូមកពីភាគីទាំងពីរបានសម្រាកមួយរយៈសម្រាប់ “ការពិគ្រោះយោបល់ផ្ទៃក្នុង” មុនពេលបន្តកិច្ចចរចារបស់ពួកគេនៅពេលក្រោយនៃថ្ងៃនោះ។ IRNA បានចុះផ្សាយថា ដំណាក់កាលទីពីរមានរយៈពេលពីរម៉ោង។

លោក Araghchi បានបន្ថែមថា វឌ្ឍនភាពល្អត្រូវបានសម្រេចជាមួយទីក្រុងវ៉ាស៊ីនតោន​ នៅក្នុងកិច្ចចរចា ហើយភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមការពិនិត្យបច្ចេកទេសនៅទីក្រុងវីយែននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top