ព័ត៌មានអន្តរជាតិ

អាមេរិក​ កំណត់លក្ខខណ្ឌដ៏តឹងរ៉ឹង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងហ្សឺណែវជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖​ នៅក្នុងជុំថ្មីនៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ នៅទីក្រុងហ្សឺណែវ សហរដ្ឋអាមេរិក​ បានទាមទារកិច្ចព្រមព្រៀងមួយដែលក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេអេរ៉ង់​ នឹងរុះរើរោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់ខ្លួន និងផ្ទេរអ៊ុយរ៉ាញ៉ូមចម្រាញ់ដែលនៅសេសសល់ទាំងអស់ទៅសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍របស់ Wall Street Journal។

សេតវិមានកំពុងទទូចឱ្យអ៊ីរ៉ង់​ បិទប្រតិបត្តិការនៅតាមទីតាំងសំខាន់ៗរបស់ខ្លួននៅរោងចក្រ​ Fordow, Natanz និង Isfahan ហើយទទួលយកកិច្ចព្រមព្រៀង​ ដែលគ្មានកាលបរិច្ឆេទផុតកំណត់ ដែលមានគោលបំណងរារាំងផ្លូវរបស់អ៊ីរ៉ង់​ ទៅកាន់អាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ នេះបើយោងតាមរបាយការណ៍ដែលដកស្រង់សម្តីមន្ត្រីអាមេរិក។

របាយការណ៍នេះបានឧ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ឱ្យកិច្ចព្រមព្រៀងណាមួយជៀសវាងបទប្បញ្ញត្តិស្តីពីការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយអះអាងថា កិច្ចព្រមព្រៀងដើមគឺខ្សោយពេក ដោយបន្ថែមថា សេតវិមានឥឡូវនេះកំពុងប្រឈមមុខនឹងសម្ពាធពីពួកអ្នកប្រឆាំងនៅទីក្រុងវ៉ាស៊ីនតោន មិនឱ្យទទួលយកលក្ខខណ្ឌដែលអាចត្រូវបានបង្ហាញថា​ ជាកំណែដែលបានធ្វើឱ្យចុះខ្សោយនៃកិច្ចព្រមព្រៀងមុន។

របាយការណ៍នេះបានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មមានកំណត់នៅដើមដំបូងនៃកិច្ចព្រមព្រៀងណាមួយ ជាមួយនឹងលទ្ធភាពនៃការបន្ធូរបន្ថយបន្ថែមទៀត ប្រសិនបើអ៊ីរ៉ង់គោរពតាមពេលវេលា។

យោងតាមរបាយការណ៍ អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួនក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ប៉ុន្តែកំពុងស្វែងរកការធ្វើឱ្យសហរដ្ឋអាមេរិកស្ងប់ចិត្តដោយការដាក់សំណើជាបន្តបន្ទាប់ រួមទាំងការកាត់បន្ថយការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមមកត្រឹម ១,៥ ភាគរយពីរហូតដល់ ៦០ ភាគរយ ផ្អាកការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរយៈពេលជាច្រើនឆ្នាំ ឬដំណើរការវាតាមរយៈសម្ព័ន្ធអារ៉ាប់-អ៊ីរ៉ង់​ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top