ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល  អះអាងថា ទាហាន និងមេបញ្ជាការអ៊ីរ៉ង់​ ប្រហែល ១៩០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ

យេរូសាឡឹម៖ អ្នកនាំពាក្យយោធា Effie Defrin បានឧ្យដឹងថា​ យោធាអ៊ីស្រាអែល​ បានសម្លាប់ទាហាន និងមេបញ្ជាការអ៊ីរ៉ង់ ប្រហែល ១៩០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ​ ដោយបន្ថែមថា អ៊ីស្រាអែល មិនបានច្រានចោល ការកំណត់គោលដៅលើមេដឹកនាំកំពូលដែលទើបប្រកាសថ្មីរបស់អ៊ីរ៉ង់នោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Defrin ក៏បានបញ្ជាក់ផងដែរថា មនុស្សទីពីរត្រូវបានសម្លាប់ នៅព្រឹកថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយមីស៊ីល របស់អ៊ីរ៉ង់​ នៅអ៊ីស្រាអែល ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការ វាយប្រហាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសនេះកើនឡើងដល់ ១២នាក់ ជាជនស៊ីវិល បន្ថែមពីលើទាហានពីរនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ Hezbollah នៅលីបង់។

យោងតាមក្រសួងសុខាភិបាល អ៊ីស្រាអែល មនុស្សសរុបចំនួន ២២៣៨នាក់នៅអ៊ីស្រាអែល​ ត្រូវបានជម្លៀស ទៅកាន់មន្ទីរពេទ្យ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយ ៩១នាក់ក្នុងចំណោមពួកគេនៅតែស្ថិតនៅក្នុងមន្ទីរពេទ្យ។

លោក Defrin បានលេីកឡេីងថា កងទ័ពអាកាសបានបន្តការ វាយប្រហាររបស់ខ្លួននៅថ្ងៃចន្ទ ដោយវាយប្រហារ នៅទីក្រុងតេអេរ៉ង់ អ៊ីស្ហ្វាហាន និងភាគខាងត្បូងអ៊ីរ៉ង់។

ចាប់តាំងពីការចាប់ផ្តើម នៃការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ យន្តហោះចម្បាំង អ៊ីស្រាអែលបានវាយប្រហារ អាកាសយានដ្ឋានយោធា ចំនួនប្រាំមួយនៅក្នុងប្រទេសអ៊ីរ៉ង់ និងបានកំណត់គោលដៅ លើយន្តហោះដឹកជញ្ជូន របស់កងកម្លាំង Quds ដោយបានបំផ្លាញ យន្តហោះដឹកទំនិញចំនួន ១៦គ្រឿង ដែលយោងទៅ តាមលោក Defrin ត្រូវបានប្រើ​ ដើម្បីដឹកជញ្ជូនអាវុធ និងប្រាក់ទៅកាន់សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់​ នៅក្នុងតំបន់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top