អ៊ីរ៉ង់ អះអាងថា នឹងមានការភ្ញាក់ផ្អើល ជាច្រើនកំពុងរង់ចាំ សម្រាប់សហរដ្ឋអាមេរិក
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសនេះ នឹងមានអ្វីដែលជាការភ្ញាក់ផ្អើល ជាច្រើនកំពុងរង់ចាំ សម្រាប់សហរដ្ឋអាមេរិក។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈដែលបានបញ្ជាក់ពីការ ត្រៀមខ្លួនរបស់អ៊ីរ៉ង់សម្រាប់ «ផែនការ» ណាមួយរបស់សហរដ្ឋអាមេរិក។
លោក Araghchi បានចំអកឈ្មោះ «ប្រតិបត្តិការ Epic Fury» ដែលត្រូវបានជ្រើសរើសដោយសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់ ជាបន្តបន្ទាប់របស់ខ្លួន ដោយហៅវាថា «ប្រតិបត្តិការ Epic Mistake» ដោយថា រយៈពេល ៩ថ្ងៃ នៃប្រតិបត្តិការនេះ «តម្លៃប្រេងបានកើនឡើងទ្វេដង ខណៈពេលដែលទំនិញ ទាំងអស់កំពុងកើនឡើងយ៉ាងខ្លាំង»។
លោកបានេីកឡេីងថា «យើងដឹងថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការប្រឆាំងនឹងទីតាំងប្រេង និងនុយក្លេអ៊ែររបស់យើង ដោយសង្ឃឹមថានឹងទប់ស្កាត់ការឆក់យកអតិផរណាដ៏ធំ» ដោយបន្ថែមថា «អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ហើយយើងក៏មានការភ្ញាក់ផ្អើលជាច្រើនកំពុងរង់ចាំដែរ»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដោយកំណត់គោលដៅមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕
