យូអិនលើកឡើងថា បញ្ហាស្តុកប្រេង ខ្វះខាតខ្លាំង កំពុងរុញច្រានឲ្យគុយបា ធ្លាក់ចុះក្នុងវិបត្តិ មនុស្សធម៍ធ្ងន់ធ្ងរ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានសរសេរថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានធ្វើការព្រមានថា កង្វះខាតប្រេងឥន្ធនៈ នៅក្នុងប្រទេសគុយបាបានបង្កឱ្យមានវិបត្តិមនុស្សធម៌ ជាមួយនឹងប្រព័ន្ធសុខភាព របស់ប្រទេសកោះនេះឈាន ទៅដល់ចំណុចអាក្រក់មួយ។
លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ យើងនៅតែមានការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន ដែលបណ្តាលមកពី អសមត្ថភាពក្នុងការនាំចូលប្រេងឥន្ធនៈ ។បញ្ហានេះបានបង្កឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរកើតឡើង ។
លោក Dujarric បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា ស្ថាប័នពិភពលោកកំពុងចូលរួមជាមួយរដ្ឋជាសមាជិក រួមទាំងសហរដ្ឋអាមេរិកផងដែរ ដូច្នេះជំនួយអាចត្រូវបានផ្តល់ជូនដោយគ្មានឧបសគ្គ។
ការិយាល័យនៃកិច្ចការងារអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មន្ទីរពេទ្យប្រឈមនឹង ការដាច់ចរន្តអគ្គិសនីញឹកញាប់ កង្វះខាតឱសថសំខាន់ៗ អសមត្ថភាពក្នុងការ ដំណើរការឧបករណ៍សំខាន់ៗ ក៏ដូចជាការរំខានដល់ការថែទាំជំងឺមហារីក ការលាងឈាម សេវាសង្គ្រោះបន្ទាន់ ការថែទាំទារក និងមាតា ប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ក៏ដូចជាការថែទាំរ៉ាំរ៉ៃ និងមិនបន្ទាន់ក្តី។
OCHAបាននិយាយទៀតថា អ្នកជំងឺមហារីក ប្រហែល១៦០០០ នាក់ត្រូវការការព្យាបាលដោយវិទ្យុសកម្ម ហើយច្រើនជាង១២០០០នាក់ អាស្រ័យលើការ ព្យាបាលដោយគីមី មិនអាចទទួលបានការព្យាបាល ដែលត្រូវការដោយសារតែការដាច់ចរន្តអគ្គិសនី និងកង្វះធនធាន ។ រថយន្តសង្គ្រោះកំពុងជួបការលំបាក ក្នុងការទទួលបានប្រេងឥន្ធនៈ ដោយពន្យារពេលការថែទាំបន្ទាន់៕
ប្រែសម្រួល៖ស៊ុនលី
