រដ្ឋមន្រ្តីអប់រំ ៖ អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប ជួយដល់បរិស្ថាន
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប បានចំណាយពេលវេលាតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ ។

ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងថា ក្នុងបរិបទនៃការប្រែប្រួល និងសកលភាវូបនីយកម្ម ការអាន និងការសរសេរ ទាមទារឱ្យការអប់រំ និងការបណ្តុះបណ្តាលតែត្រូវយកទុកដាក់ឱ្យកាន់តែខ្ពស់ ជាពិសេសការរិះរកមធ្យោបាយសម្រាប់អំណានដែលមានច្រើនជម្រើសរួមមាន ៖ ការអានសៀវភៅ ការអានលើឧបករណ៍អេឡិកត្រូនិក ការអាននៅលើទូរសព្ទវៃឆ្លាត និងការអាននៅលើឧបករណ៍ឌីជីថល ។
លោកបន្តថា “ម៉្យាងទៀត អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប ចំណាយពេលតិច ងាយស្រួលអាន និងជួយ ដល់បរិស្ថានផងដែរ។ នាពេលបច្ចុប្បន្ន សិស្ស និស្សិត និងយុវជនកម្ពុជាដែលស្រឡាញ់ការអាន កំពុងតែប្រើប្រាស់មធ្យោបាយអានទាំងអស់នេះផងដែរ” ។

រដ្ឋមន្រ្តីអប់រំបន្ថែមថា បើក្រឡេកមើល ទៅប្រទេសជឿនលឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ប៉ុន្តែការអានដោយប្រើប្រាស់សៀវភៅ នៅតែមានសន្ទុះខ្លាំងក្លាដដែល។ ហេតុនេះហើយទើបក្រសួងអប់រំ បានបន្តរៀបចំ និងប្រារព្ធទិវាជាតិអំណានចំនួន១០លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន ។
បើតាមរដ្ឋមន្រ្តី ក្រសួងបានចាត់វិធានការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ នៃការសិក្សានៅកម្រិត ថ្នាក់ដំបូងនៃបឋមសិក្សា ផ្តោតលើការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង ដោយពង្រីកការអនុវត្តកញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស ៕
