ព័ត៌មានជាតិ

ក្រសួងការងារ ទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េ នៅកម្ពុជា សម្រាប់ចែក ជូនបងប្អូនជនភៀសសឹក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ ការឧបត្ថម្ភជាថវិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនជនរងគ្រោះពីជម្លោះព្រំដែន ជាពិសេស ការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ ដល់បងប្អូនដែលកំពុងបន្តរងទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃ ។ លើសពីនេះ ទឹកចិត្តសប្បុរសនេះ ក៏ជាសាក្សីថ្មីមួយទៀតបញ្ជាក់ថា ការរាប់អានគ្នានៃប្រជាជាតិទាំងពីរពិតជាមានតម្លៃជ្រាលជ្រៅ មិនអាចកាត់ថ្លែបានផងដែរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា អំណោយតិចក្តី ច្រើនក្តីមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺការចែករំលែកគ្នាដែលកើតចេញពីបេះដូង ហើយទឹកចិត្តគួរឱ្យគោរពស្រលាញ់ ជាពិសេស ការបរិច្ចាគឈាម ដ៏មានតម្លៃយ៉ាងធំធេងនេះ នឹងធ្វើឱ្យកម្ពុជាចងចាំបន្ថែមទៀត នូវចិត្តសប្បុរសរបស់កូរ៉េនៅកម្ពុជា។

លោក​ ហេង សួរ ជឿជាក់ថា បងប្អូនជនភៀសសឹក និងវីរកងទ័ព ពិតជាសប្បាយរីករាយចំពោះអំណោយសប្បុរសនេះ ហើយក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ និងក្តីស្រឡាញ់ដោយស្មោះ របស់សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ព្រមទាំងសប្បុរសជន ដែលបន្តចូលរួមក្នុងសកម្មភាព សប្បុរសធម៌ជួយដល់ជនរងគ្រោះនៅសមរភូមិមុខ ដែលបញ្ជាក់ឱ្យឃើញថា ក្រៅពី “ស្មារតីខ្មែរជួយខ្មែរ” កម្ពុជាក៏មាន ស្មារតីបងប្អូនកូរ៉េជួយបងប្អូនខ្មែរផងដែរ ដែល “ឈរនៅជាមួយកម្ពុជា”។

ទន្ទឹមនឹងនេះ លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលង ទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះ សម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួន ជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ លោកសង្ឃឹមយ៉ាងមុតមាំថា ដួងចិត្តសប្បុរសដែលប្រមូលផ្តុំនេះ នឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា ៖ “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះនឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះនឹងក្លាយជាគ្រឿង លើកទឹកចិត្តដល់បងប្អូនដែលកំពុងរងទុក្ខឱ្យក្រោកឈរឡើងវិញ ហើយលោកសង្ឃឹមថាសកម្មភាពនេះ នឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ទាំងនេះ រួមមាន៖ ថវិកាចំនួន ១០ ០០០ ដុល្លារ មីកញ្ចប់ សម្លៀកបំពាក់ ម៉ាស់បិទមុខ អង្ករ សារ៉ាយសមុទ្រ និងសម្ភារផ្សេងៗជាច្រើនមុខទៀត៕

To Top