ព័ត៌មានជាតិ

ក្រសួងការងារ បានដោះស្រាយបញ្ចប់ការ ទាមទារ របស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ ជាមួយការពេញចិត្ត ខណៈកម្មករ នឹងចូលធ្វើការវិញ នៅព្រឹកស្អែក

ភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយកម្មករ សប្បាយចិត្តជាមួយដំណោះស្រាយរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករនិយោជិតនឹងចូលធ្វើការធម្មតាវិញ នៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

អ្នកនាំពាក្យរូបនេះបានអះអាងថា ៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញ ជាធម្មតានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ»។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះមានជាអាទិ៍ ក្រុមហ៊ុននឹងអនុវត្តទៅតាមច្បាប់ស្តីពីការងារ, ក្រុមហ៊ុនយល់ព្រមធ្វើការផ្លាស់ប្ដូរថ្ងៃឈប់ សម្រាកបុណ្យដោយមានការស្ម័គ្រចិត្តពីខាងកម្មករនិយោជិត, ក្រុមហ៊ុននឹងធ្វើការពន្យល់ណែនាំដល់ប្រធានផ្នែក ក៏ដូចជាប្រធានក្រុម ឱ្យប្រើពាក្យសម្តីសមរម្យក្នុងការបំពេញការងារ ជាដើម។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក​ ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និង មន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយ ករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករនិយោជិត៕

To Top