អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈ មកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ ហើយរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ ទៅតាមការកំណត់នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ពិធីនេះរៀបចំធ្វើឡើងនាបរិវេណវត្តឱង្ការ ស្ថិតនៅស្រុកអង្គស្នួល។
នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទានធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីនៅតាមលំនៅឋាន ស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទានធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងត្រជាក់ថាហេតុ ដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។

ទន្ទឹមនឹងនេះ លោក អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចគ្រោះថ្នាក់រាចរណ៍ ត្រូវបន្តខិតខំដាក់ចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានខេត្តកណ្តាល ឱ្យមានការថយចុះជាលំដាប់ ពិសេសប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ។ លោក ថា «សូមកុំខ្លាចតែប៉ូលីសចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិតវិញទើបជារឿងសំខាន់»៕
