លោក Erdogan អំពាវនាវ ឲ្យការសន្ទនាគ្នា លើបញ្ហាសន្តិភាពនៅអ៊ុយក្រែន បន្តធ្វើទោះកំពុងមានជម្លោះនៅអ៊ីរ៉ង់ក្តី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky កុំទុកឱ្យយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ដែលកំពុងកើនឡើងប្រឆាំង នឹងអ៊ីរ៉ង់បង្អាក់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយអំពាវនាវ ឱ្យមានការចរចាសន្តិភាពឡើងវិញ ដោយគ្មានការពន្យារពេលតទៅទៀត ។
នៅក្នុងការហៅទូរស័ព្ទមួយ លោក Erdogan បាននិយាយថា ជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ មិនគួររំខានដល់ការស្វែងរកសន្តិភាពនៅអ៊ុយក្រែនទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួគី។
លោកបានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ទីក្រុងអង់ការ៉ា ក្នុងការផ្តល់ការគាំទ្រចាំបាច់ទាំងអស់ សម្រាប់ជំហានណាមួយឆ្ពោះ ទៅរកការបញ្ចប់សង្រ្គាមជិតបីឆ្នាំមកនេះ។
លោក Erdogan ក៏បានជំរុញឱ្យមានការរៀបចំបទឈប់បាញ់ ដែលនឹងការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ ដោយកំណត់វិធានការ ដូចជាចាំបាច់ក្នុងការកសាងទំនុកចិត្ត រវាងទីក្រុងគៀវនិងទីក្រុងមូស្គូ និងការជំរុញស្ថិរភាពក្នុង តំបន់ឱ្យកាន់តែទូលំទូលាយ។
បន្ថែមពីនោះលោកក៏បានសង្កត់ធ្ងន់ដោយឡែកពីគ្នាថាសន្តិសុខ ដែនសមុទ្រនៅសមុទ្រខ្មៅ នៅតែជាអាទិភាពសំខាន់សម្រាប់ប្រទេសតួគី៕
ប្រែសម្រួល៖ស៊ុនលី
