ព័ត៌មានអន្តរជាតិ

​ មេបញ្ជាការ IRGC​ ប្ដេជ្ញាបញ្ឈប់អាមេរិក ពីការអមដំណើរនាវាដឹកប្រេង ​ឆ្លងកាត់ច្រកសមុទ្រ Hormuz

តេអេរ៉ង់៖ អ៊ីរ៉ង់​ នឹងប្រើប្រាស់មីស៊ីល និងនាវាមុជទឹក​ ដើម្បីបញ្ឈប់ចលនាកងនាវារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X​ របស់លោក អាលីរ៉េហ្សា តាំងស៊ីរី មេបញ្ជាការកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

ការបង្ហោះនេះបានច្រានចោលការអះអាងពីមុន របស់សហរដ្ឋអាមេរិកថា កងទ័ពជើងទឹករបស់ខ្លួនបានអមដំណើរ កប៉ាល់ដឹកប្រេង ដែលឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់មួយនេះ ។

ទន្ទឹមនឹងនេះ លេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Larijani បាននិយាយនៅលើ X ថា ច្រកសមុទ្រ Hormuz «នឹងក្លាយជាច្រកសមុទ្រ នៃសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ឬនឹងក្លាយជាច្រកសមុទ្រនៃការបរាជ័យ និងទុក្ខវេទនា​ សម្រាប់អ្នកដែលចូលចិត្តសង្គ្រាម»។

នៅថ្ងៃទី២៨ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល​ រាប់រយនាក់។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារទៅលើទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។

ផលវិបាកក្នុងតំបន់កាន់តែទូលំទូលាយនៃជម្លោះនេះ បង្កើនការព្រួយបារម្ភអំពីការរំខានដល់ការនាំចេញប្រេង និងទីផ្សារថាមពលសកល ដែលភាគច្រើនដោយសារតែហានិភ័យនៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top