សហរដ្ឋអាមេរិក នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីទុនបម្រុងយុទ្ធសាស្ត្រ
ញូវយ៉ក៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។
លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មុននេះបន្តិច ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល ជាមួយនឹងការបញ្ចេញប្រេង និងផលិតផលចម្រាញ់ចំនួន ៤០០ លានបារ៉ែលពីទុនបម្រុងរៀងៗខ្លួន”។
លោក Wright បានលេីកឡេីងថា “ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យក្រសួងថាមពលបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយនេះនឹងចំណាយពេលប្រហែល ១២០ ថ្ងៃដើម្បីចែកចាយដោយផ្អែកលើអត្រាបញ្ចេញដែលបានគ្រោងទុក”។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានរៀបចំដើម្បីជំនួសទុនបម្រុងយុទ្ធសាស្ត្រទាំងនេះជាមួយនឹងប្រហែល ២០០ លានបារ៉ែលក្នុងរយៈពេលមួយឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា
