ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើង នៅទីព្រះស្រែ ខេត្តព្រៃវែង
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លបានថ្លែងថា រាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅទីព្រះស្រែ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ។

ក្នុងកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ឈិន កេតនាថ្លែងបន្តថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅទីព្រះស្រែ ទីលានកីឡាបាល់ទាត់សាលាតម្រង់ទិស វិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

លោកក៏បានផ្តល់អនុសាសន៍មួយចំនួន ពីគម្រោងផែនការ ណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជា ៖ ការរៀបចំចាត់តាំងក្រុមពិធីការ នៅតាមផ្លូវចូលទៅកាន់ទីតាំង សម្រាប់ប្រារព្ធព្រះរាជពិធី , រៀបចំទង់ជ្វាលី នៅទីតាំងព្រះពន្លាជ័យ និងការងារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅមុនថ្ងៃប្រារព្ធ ដើម្បីធ្វើឲ្យព្រះរាជពិធី មានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត ។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០២៦នេះ លោក សួន សុម៉ាលីន អភិបាល ខេត្តព្រៃវែង ជាស្តេចមាឃ និងលោកស្រី ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាងដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ៕
