FBI ព្រមានថា អ៊ីរ៉ង់អាចនឹងវាយប្រហារ រដ្ឋកាលីហ្វ័រញ៉ា ដោយប្រើយន្តហោះគ្មានមនុស្សបើក
ឡូសអាន់ជឺឡេស៖ ការិយាល័យ ស៊ើបអង្កេត សហព័ន្ធសហរដ្ឋអាមេរិក (FBI) បានព្រមាននាយកដ្ឋានប៉ូលីស នៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា អ៊ីរ៉ង់អាចសងសឹក ចំពោះការវាយប្រហារ របស់អាមេរិកដោយការបាញ់យន្តហោះគ្មានមនុស្សបើក នៅឆ្នេរសមុទ្រភាគខាងលិច នេះបើយោង តាមការចុះផ្សាយរបស់ ABC News ដោយដកស្រង់ការជូនដំណឹង ដែលត្រូវបានពិនិត្យឡើងវិញ ដោយស្ថាប័នព័ត៌មាន ។
របាយការណ៍នេះ បានដកស្រង់ការជូនដំណឹង ដែលបានចែកចាយនៅចុងខែកុម្ភៈ “យើងទើបតែទទួលបានព័ត៌មានថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៦ អ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា មានបំណងធ្វើការវាយប្រហារ ដោយមិនបានរំពឹងទុក ដោយប្រើយន្តហោះគ្មានមនុស្ស បើកពីនាវាមិនស្គាល់អត្តសញ្ញាណមួយ នៅឯឆ្នេរសមុទ្រ នៃមាតុភូមិសហរដ្ឋអាមេរិក ជាពិសេសប្រឆាំងនឹងគោលដៅ ដែលមិនបានបញ្ជាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងករណី ដែលសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់”។
ប៉ុន្តែការជូនដំណឹងក៏បានបន្ថែមថា អាជ្ញាធរ “មិនមានព័ត៌មានបន្ថែមអំពីពេលវេលា វិធីសាស្ត្រ គោលដៅ ឬជនល្មើសនៃការវាយប្រហារនេះទេ” នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការព្រមានរបស់ FBI មិនបានបញ្ជាក់ថា តើនាវាដែលដឹកយន្តហោះគ្មានមនុស្សបើកវាយប្រហារអាចចូលទៅជិតដីគោកសហរដ្ឋអាមេរិកដោយរបៀបណា ឬពេលណានោះទេ។
របាយការណ៍បានបន្ថែមថា ការព្រមាននេះបានកើតឡើង នៅពេលដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមការវាយប្រហារ របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់៕
