ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍ ក្នុងតំបន់មេគង្គ-ឡានឆាង តាមរយៈវគ្គបណ្ដុះបណ្ដាលអន្តរជាតិ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “សេវាឧត្ដមភាពការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍ សម្រាប់បណ្ដាប្រទេសមេគង្គ ឡាងឆាង” ដោយមានការចូលរួម ពីសំណាក់លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង ខេត្តកំពត និងភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ព្រមទាំងអ្នកជំនាញ ទេសចរណ៍ល្បីៗ សាស្រ្តាចារ្យ និងអ្នកប្រកបវិជ្ជាជីវៈ សរុបច្រើនជាង២០០នាក់។

វគ្គបណ្ដុះបណ្ដាល ជាលក្ខណៈអន្តរជាតិ និងមានសារៈសំខាន់នេះ មិនត្រឹមតែជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយ ក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការ បង្កើនសន្ទុះការងើបឡើងវិញ របស់វិស័យនេះ តាមការចូលរួមរបស់យុវជន ពីបណ្តាប្រទេសជាសមាជិក។

វគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ នឹងក្លាយជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងបណ្តាប្រទេស ក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះ ត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុង ដោយភាគីមិត្តចិន។

ទីក្រុងកំពតជាទីក្រុងជ័យលាភី ផ្ការំដួល៣ទងថ្នាក់ជាតិជាបន្តបន្ទាប់ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២លើក ជាបន្តបន្ទាប់ និងពានរង្វាន់ជ័យលាភីជាច្រើន សណ្ឋាគារបៃតង ផ្ទះស្នាក់សហគមន៍។ល។ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ខេត្តកំពត ទទួលបានទេសចរសរុបចំនួនជិត ២,៩លាននាក់ មានការកើនឡើងជិត៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំពោះទេសចរបរទេសមានការកើនឡើងជិត២០%។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងថាវគ្គបណ្ដុះបណ្ដាលប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅ ដល់កិច្ចសហប្រតិបត្តិ រវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់ អស់រយៈពេល៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវ ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន។

លោករដ្ឋមន្ត្រី បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ឱកាសរួមគ្នា ជាពិសេសយុវជនបន្តវេន ពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត និងរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ដើម្បីជម្រុញការងើបឡើងវិញ នូវវិស័យទេសចរណ៍ បន្ទាប់ពីត្រូវជួបផលវិបាកយ៉ាងខ្លាំង ពីវិបត្តិជម្ងឺកូវីដ១៩ កន្លងទៅ។

វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់ឱកាសដល់ប្រតិភូ ជាអ្នកប្រកបវិជ្ជាជីវៈ ឬ ក៏សហគ្រិនភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាស បង្កើតអាជីវកម្មទេសចរណ៍រួមគ្នាផងដែរ ដើម្បីជំរុញសន្ទុះងើបឡើងវិញ នៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គនេះ៕

To Top