ព័ត៌មានជាតិ

ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំ ត្រូវតាមដានសុខភាព និងអនាម័យ បង្ការជំងឺឆ្លង

ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ត្រូវតាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងនានា។

ការស្នើរបស់រដ្ឋបាលព្រៃឈើនេះ បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវដឹងថា ការថែរក្សាសត្វត្រចៀកកាំអាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំអាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ ។

ដើម្បីកាត់បន្ថយផលប៉ះពាល់នានា រដ្ឋបាលព្រៃឈើ បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំលក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ , ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដែលនៅជិតបំផុត។

ជាមួយនឹងការស្នើសុំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ផ្ទះ ឬម្ចាស់អគារ ថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារទាំងអស់នឹងចូលរួមអនុវត្ត ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

To Top