រដ្ឋមន្រ្តីសុខាភិបាល ៖ ការធ្វើឱ្យដំណើរការ របស់មន្ទីរពេទ្យមួយប្រសើរ អាស្រ័យលើភាព ជាអ្នកដឹកនាំរឹងមាំ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការធ្វើឱ្យដំណើរការរបស់មន្ទីរពេទ្យមួយបានប្រសើរឡើង គឺអាស្រ័យលើភាពជាអ្នកដឹកនាំរឹងមាំ បុគ្គលិកមានសមត្ថភាពខ្ពស់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាថែទាំព្យាបាលប្រកបដោយគុណភាព និងគោរពសេចក្តីថ្លៃថ្នូរជូនប្រជាជន។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការ ប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានខិតខំប្រឹងប្រែង ក្នុងការបម្រើសេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព ប្រកបដោយសមភាព មិនមានការរើសអើង ដោយផ្តោតទៅលើសុវត្ថិភាពអ្នកជំងឺជាចម្បង «ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់មន្ត្រីសុខាភិបាល» ។

ជាមួយគ្នានោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏មិនភ្លេចកោតសរសើ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានយកចិត្តទុកដាក់ព្យាបាលវីរៈភាពអង់អាចក្លាហាន និងស្មារតីស្រឡាញ់ជាតិមាតុភូមិ ដែលមិនរាថយ សាមគ្គីភាពជាធ្លុងមួយ ក្នុងអំឡុងពេលមានជម្លោះ នៅតាមបណ្តោយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្រុមគ្រូពេទ្យនៅសមរភូមិមុខ ក៏ដូចជានៅក្នុងមន្ទីរពេទ្យផ្ទាល់ គឺជាកងទ័ពអាវសដ៏មោះមុត ក្លាហាន ហើយស្ថិតក្នុងឯកសណ្ឋានស ជានិច្ច។

ក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវទស្សនទានមួយចំនួនដែរថា ត្រូវពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយថែរក្សា និងកែលម្អអគារ បរិវេណមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង , លើកកម្ពស់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេសថ្មីៗ ដោយនវានុវត្តន៍ សមស្របទៅតាមកម្រិតនិយាមជាតិ និងអន្តរជាតិ និងបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិក និងចំណុចសំខាន់ៗមួយចំនួនទៀត ៕







