ក្រសួងសុខាភិបាល-WHO បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាសេវា សុខាភិបាលចាំបាច់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) បានគូសបញ្ជាក់រួមគ្នា នូវគោលជំហរបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបន្តសេវាសុខាភិបាលចាំបាច់ និងការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ។
ការបញ្ជាក់ពីគោលជំហររួមគ្នា រវាងភាគីទាំងពីរនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការ សុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបចំពោះវិស័យសុខាភិបាល ទៅដល់សហគមន៍ ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។

ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ៖ ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ , កញ្ចប់សង្គ្រោះបន្ទាន់ និងឱសថព្រមទាំងសម្ភារៈវេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវាព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក សម្រាប់ការគាំទ្រទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពនានា។ រដ្ឋមន្ត្រីក៏បានបញ្ជាក់ថា សម្ភារៈទទួលបាននាពេលកន្លងមក និងនៅពេលនេះ នឹងត្រូវបានចែកចាយ ទៅកាន់បណ្តាខេត្តដែលរងផលប៉ះពាល់ ខណៈសម្ភារៈដែលនៅសេស សល់នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅតំបន់រងផលប៉ះពាល់ក្នុងពេលឆាប់ៗនេះ ហើយមួយផ្នែកទៀត នឹងត្រូវរក្សាទុកសម្រាប់ពង្រឹងការ ត្រៀមខ្លួនឆ្លើយតប ចំពោះវិបត្តិសុខភាពនាពេលអនាគត៕










