ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង និងកូនស្រីជំទង់ បាញ់សាកកាំភ្លើងខ្លី ដែលទើបផលិតបានពីរោងចក្រ

បរទេស៖ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីជំទង់ របស់លោកបានបាញ់កាំភ្លើងខ្លី ក្នុងអំឡុង ពេលត្រួតពិនិត្យរោងចក្រផលិតគ្រាប់ធុន ស្រាលមួយ ខណៈដែលលោកគីម ជំរុញឱ្យធ្វើទំនើបកម្មកងកម្លាំងធម្មតា បន្ទាប់ពីផ្តោតលើអាវុធនុយក្លេអ៊ែរ អស់រយៈពេលជាច្រើនឆ្នាំ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានផ្សាយថា លោកគីមបានទៅទស្សនារោងចក្រ ផលិតកាំភ្លើងខ្លី និងអាវុធស្រាលផ្សេងទៀតកាលពីមួយថ្ងៃមុន ហើយបានពិនិត្យមើលកាំភ្លើងខ្លីថ្មីមួយ ដែលទើបតែចូលផលិតកម្ម។

ទីភ្នាក់ងារនេះ បាននិយាយថា បន្ទាប់ពីសាកល្បងអាវុធនៅទីលានបាញ់កាំភ្លើង លោកគីមបានវាយតម្លៃវាថា វា “ល្អឥតខ្ចោះ”។ ទីភ្នាក់ងារនេះមិន បាននិយាយអំពីវត្តមាន របស់កូនស្រីរបស់លោកគីមនៅក្នុងរបាយការណ៍អត្ថបទរបស់ខ្លួនទេ ប៉ុន្តែរូបថតរបស់វាបានបង្ហាញថា នាងកំពុងបាញ់កាំភ្លើងខ្លី រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងផ្សាយថា លោកគីមបាននិយាយថា រោងចក្រនេះមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់កាំភ្លើងខ្លី និងអាវុធស្រាលផ្សេងទៀតដល់យោធា និងកងកម្លាំងសន្តិសុខ ហើយបានជំរុញឱ្យពង្រីកសមត្ថភាព និងខ្សែសង្វាក់ផលិតកម្មទំនើបជាងមុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top