ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី របស់ធនាគារ ARDB

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋាន គ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត ព្រមទាំងបណ្តាសាខាខេត្តទាំងអស់។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត បានផ្តល់អនុសាសន៍ និងតម្រង់ទិស លើការងារអាទិភាពចំនួន ៥ រួមមាន៖

១. ការធ្វើទំនើបកម្មស្តង់ដារឥណទាន៖ រៀបចំទម្រង់របាយការណ៍ឱ្យមានស្តង់ដារតែមួយ រួមទាំងការវិភាគហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ (ROR, DSC) ដើម្បីគ្រប់គ្រងហានិភ័យឥណទានឱ្យមានប្រសិទ្ធភាពខ្ពស់។

២. បរិវត្តកម្មឌីជីថល (Digital Transformation)៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងគ្រប់ប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនដល់អតិថិជន។

៣. យុទ្ធសាស្ត្រថែទាំអតិថិជន (Customer Care)៖ បង្កើនការចុះតាមដាន និងសួរសុខទុក្ខអតិថិជនគោលដៅជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល។

៤. ការពង្រីកវិសាលភាពទីផ្សារ៖ បន្តបញ្ជ្រាបការផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារឱ្យដល់ដៃអតិថិជនថ្មីៗ ក្នុងតំបន់គោលដៅឱ្យកាន់តែទូលំទូលាយ។

៥. ការពង្រឹងសមត្ថភាព និងក្រមសីលធម៌៖ បន្តការបណ្តុះបណ្តាលបុគ្គលិកលើជំនាញបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យធនាគារទំនើប។

លោកបណ្ឌិត កៅ ថាច បានផ្តល់ជាអនុសាសន៍ និងជំរុញឱ្យបុគ្គលិកគ្រប់រូបពង្រឹងការ អភិវឌ្ឍសកម្មភាពចុះជួបកសិករផ្ទាល់ ដើម្បីសម្រួលលក្ខខណ្ឌឥណទាន និងផ្តល់ការណែនាំបច្ចេកទេសកសិកម្មទំនើបៗ ដូចជា ផ្នែកវារីវប្បកម្ម និងសាកវប្បកម្ម តាមរយៈយន្តការ “សមាគមបណ្តាញកសិករតេជោ” ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កសិករឱ្យកាន់តែប្រសើរឡើង៕

To Top