ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង ILO-Japan នៃអង្គការអន្តរជាតិខាងការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និងមន្ត្រីជំនាញ ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក លឹម ស៊ុយហុង បានបញ្ជាក់ថា គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព មន្ត្រីជំនាញឱ្យកាន់តែយល់ច្បាស់ អំពីគោលនយោបាយសុវត្ថិភាព និងសុខភាពការងារ តាមបណ្តាស ហគ្រាស គ្រឹះស្ថាន និងរោងចក្រ ក្នុងគោលដៅបង្កើតបរិយាកាស ការងារឱ្យមានសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ ចំណេះដឹងដល់មន្ត្រីអធិការកិច្ច គឺជាអាទិភាពគន្លឹះ ដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម ។ លើសពីនេះ លោកបានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ប្រមូលធាតុចូលយ៉ាងសកម្ម ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ទទួលបានការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត យូកា អ៊ូជីតា អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកបង្ហាញ រួមមាន ការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់ប្រភេទគ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈផ្សេងៗ ។ គួរកត់សម្គល់ថាមន្ត្រី ដែលចូលរួមនឹងក្លាយជាគ្រូបង្គោល ដែលមានសមត្ថភាពពេញលេញ ក្នុងការផ្ទេរចំណេះដឹងបន្ត និងរៀបចំផែនការបណ្តុះបណ្តាល នៅតាមមូលដ្ឋាន ដើម្បីធានាឱ្យសហគ្រាស និងរោងចក្រក្លាយជាកន្លែង ធ្វើការដែលមានសុខដុមរមនា និងសុវត្ថិភាពបំផុត៕





