ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំឱ្យប្រុងប្រយ័ត្ន ការក្លែងបន្លំអត្តសញ្ញាណ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ការក្លែងបន្លំអត្តសញ្ញាណ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កន្លងមកបានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះដែលត្រូវបានឧក្រិដ្ឋជនបច្ចេកវិទ្យាលួចយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឬដើម្បីដាក់ពាក្យស្នើសុំកម្ចីផ្សេងៗ ដែលធ្វើឱ្យរងគ្រោះ ជាប់ពាក់ព័ន្ធកម្ចីទាំងនោះ ដោយមិនដឹងខ្លួន ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដូចជា ៖

១. សូមរក្សា និងទុកដាក់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណ(អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ កាតធនាគារ) និងឯកសារសំខាន់់ៗផ្សេងទៀតរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

២. កុំថតបង្ហោះបណ្ដាញសង្គម៖ សូមកុំថតបង្ហោះព័តមានផ្ទាល់ខ្លួនអត្តសញ្ញាណទាំងនោះលើបណ្ដាញសង្គមនានា។

៣.សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការចូលទៅប្រើប្រាស់កម្មវិធី (App) ឬគេហទំព័រ ដែលមានប្រភពមិនច្បាស់លាស់ ឬមិនមានភាពជឿទុកចិត្ត និងសូមកុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណទៅកាន់ប្រភពទាំងនោះ។

៤. ក្នុងករណីលោកអ្នកបានជ្រុះបាត់ឯកសារពាក់ព័ន្ធ នឹងអត្តសញ្ញាណ របស់ខ្លួនសំខាន់ៗទាំងនេះ សូមអញ្ជើញមកធ្វើសេចក្តីរាយការណ៍ ជូននគរបាលឬមន្ត្រី មានសមត្ថកិច្ចជំនាញជាបន្ទាន់៕

To Top