ព័ត៌មានជាតិ

រាល់សំណើររបស់JBC បញ្ជូនទៅថៃ ជាភស្តុតាងថា កម្ពុជាមានឆន្ទៈពិតប្រាកដ ដោះស្រាយព្រំដែន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សំណើរជាបន្តបន្ទាប់ ជាច្រើនលើកទៅកាន់ភាគីថៃ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា ស្នើចុះវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ គឺជាភស្តុតាងបង្ហាញថា កម្ពុជាមានឆន្ទៈពិតប្រាកដដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃនៅថ្ងៃទី១៣ ខែមីនា លោក ប៉ែន បូណា មានប្រសាសន៍ថា ក្រោយមានការចុះកិច្ចព្រមព្រៀង បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកភាគីកម្ពុជា បានបញ្ជូនសំណើរតាមរយៈកំណត់ទូត ជាបន្តបន្ទាប់ទៅកាន់ភាគីថៃ ដើម្បីចុះវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព ។

លោកថា រាល់ការដាក់សំណើរការទូត ទៅភាគីថៃ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “សំណើរជាបន្តបន្ទាប់ ជាច្រើនលើកទៅកាន់ភាគីថៃដើម្បីចុះវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ គឺជាភស្តុតាងបង្ហាញថា កម្ពុជាមានសុឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដើម្បីធានាដំណោះស្រាយដ៏ពិតប្រាកដមួយ និងធានាសន្តិភាពយូរអង្វែង តាមព្រំដែនដូចដែលបានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀត ដែលបានឯកភាពគ្នា”។

លោកប៉ែន បូណាបន្ថែមថា គណៈកម្មការចម្រុះ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន៕

To Top