ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ទទួលជំនួយឱសថ ពីក្រុមហ៊ុនកូរ៉េ ជួយកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលអំណោយជាឱសថពីក្រុមហ៊ុនកូរ៉េ ដើម្បីផ្តល់ជូនកងទ័ពជួរមុខ និងជនភៀសសឹកកម្ពុជា ដែលរងការប៉ះពាល់ដោយសារសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងក្រសួងការពារជាតិដើម្បីចាត់ចែងបន្ត ។

ក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវជំនួយឱសថរបស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTDបានលើកឡើងថា នេះគឺជាលើកទី៥ ហើយដែលក្រុមហ៊ុន និងក្រុមការងារបានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថ ជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា នៅពេលខាងមុខ។

ឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែង យ៉ាងសកម្ម ក្នុងការស្វែង រកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។ ឯកអគ្គរាជទូត បានលើកទឹកចិត្ត ដល់លោកអគ្គនាយកឱ្យសិក្សាលទ្ធភាព និងស្វែងរកឱកាសសមរម្យដែលក្រុមហ៊ុនរបស់លោក អាចធ្វើការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ ក៏ដូចជាសហគ្រាសផលិតឱសថ។

ឯកអគ្គរាជទូតកម្ពុជា ក៏បានអញ្ជើញលោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែមអំពី សក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ។ ដោយស្ថានទូតត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូក្នុងស្រុក ដែលមានសក្តានុពលក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។

ជាកិច្ចឆ្លើយតបនឹងសំណើររបស់ឯកអគ្គរាជទូតកម្ពុជា លោកអគ្គនាយកក្រុមហ៊ុន បានប្តេជ្ញាចិត្តបន្តជួយគាំទ្រដល់កម្ពុជា និងបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់ឯកឧត្តមទូតខ្មែរ ។ ជាមួយគ្នានេះ លោកអគ្គនាយកក្រុមហ៊ុន Korean BL Pharm ក៏បានអញ្ជើញលោក ឃួន រតនៈ ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោក ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងពង្រីកកិច្ចសហការ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕

To Top