ក្រសួងមហាផ្ទៃ ៖ នៅមានពលរដ្ឋភៀសសឹក ៣៦.៩៩៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៣៦.៩៩៦នាក់ទៀត (ស្រ្តី១៩.១៩៤នាក់ និងកុមារ ១២.៧៦២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញ តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។
ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋ ដែលនៅពុំទាន់អាចវិលត្រឡប់ ទៅលំនៅឋានវិញបាន។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៩០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦.៩៩៦នាក់ទៀត (ស្រ្តី១៩.១៩៤នាក់ និង កុមារ១២.៧៦២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
