ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តជាប់សមុទ្រចំនួន៤ មាន​ឱកា​ស​​ការ​ងារជាង ៤ពាន់កន្លែង កំពុងរង់​ចាំអតីត​ពល​ករ​​ត្រឡប់​មក​ពី​ថៃ និងអ្នកកំពុង​ស្វែង​រក​ការងារធ្វើ

ភ្នំពេញ៖ នៅបណ្ដាខេត្ត ដែល​មានសក្ដានុ​ពល​នៅ​តំបន់​សមុទ្រចំនួន៤ រួមមាន ខេត្តព្រះសីហនុ កំពត កោះ​កុង និងខេត្តកែប មានឱកាសការងារជាង ៤ពាន់កន្លែង សម្រាប់​ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យដឹង​ពីក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប មានឱកាស​ការងារ​សរុប​ចំនួន ៤,០៩០កន្លែង កំពុងរង់​ចាំបងប្អូន​អតីត​ពលករ ​ត្រឡប់​មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរក​ការងារ​ធ្វើ​នៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូន​អតីត​ពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្ត បានតាមរយៈខិតបណ្ណការងារ របស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហ​គ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរក​ការងារ​ទាំង​អស់ ជាពិសេសបង​ប្អូនអតីតពលករ ក៏អាច​ទាក់ទ​ងមក​ប្រព័ន្ធ​ទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួង​ការងារ ​ជួយ​សម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួងការងារដដែល៕

To Top