ព័ត៌មានអន្តរជាតិ

ប្រទេសគុយបា អះអាងថា កំពុងពិភាក្សាជាមួយនឹង សហរដ្ឋអាមេរិក ក្នុងគ្រាដែលកំពុង ជួបវិបត្តថាមពល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបញ្ជាក់ថា ក្រុមមន្ត្រីនៅទីក្រុង Havana កំពុងជួបពិភាក្សា ជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលកោះនេះកំពុង ជួបវិបត្តិថាមពលកាន់តែស៊ីជម្រៅ និងការដាច់ចរន្តអគ្គិសនី រីករាលដាលស្ទើរពាសពេញប្រទេស ។

ទំនាក់ទំនងនេះកើតឡើងចំពេលមានសម្ពាធសេដ្ឋកិច្ចកើនឡើងលើប្រទេសការាបៀន ដោយអាជ្ញាធរគុយបាបានស្តីបន្ទោសការដាក់ទណ្ឌកម្មរបស់អាមេរិក និងការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ការធ្វើឱ្យខូចដល់ការផលិត ថាមពលរបស់ប្រទេស។
ជម្លោះ​អ៊ីរ៉ង់ និង​ជា​លទ្ធផល​ នៃ​តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ប្រេងឆៅបានឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែលក្នុងខែនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតកូវីដ។

ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោក Diaz-Canel បាននិយាយថា ទំនាក់ទំនងមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា។ លោក​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ចរចា​ត្រូវ​ធ្វើ​នៅ​ពេល​ណា ឬ​នៅ​ទីណា ឬ​មាន​មន្ត្រី​ណា​ពាក់ព័ន្ធ​នោះ​ទេ។

ការប្រកាសនេះជាលើកដំបូងក្នុង រយៈពេលជាងមួយទសវត្សរ៍ដែលទីក្រុង Havana បានទទួលស្គាល់ជាសាធារណៈ នូវការពិភាក្សាជាផ្លូវការជា មួយទីក្រុងវ៉ាស៊ីនតោន។
វាក៏កើតឡើងជាបន្តបន្ទាប់ជា ច្រើនសប្តាហ៍នៃការដាច់ចរន្តអគ្គិសនី ការខ្វះខាតប្រេងឥន្ធនៈ និងការកើនឡើងនៃកំហឹង ជាសាធារណៈបន្ទាប់ពីការបញ្ឈប់ការដឹក ជញ្ជូនប្រេងរបស់វេណេស៊ុយអេឡា និងក្រោយការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro និងខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹង ប្រែងដើម្បីរារាំងអ្នកផ្គត់ផ្គង់ផ្សេងទៀត នៅក្នុងតំបន់បន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top