ក្រសួងពាណិជ្ជកម្ម រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះ បន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្តីណែនាំ ស្តីពី «ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ»។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម ក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាង ក្រុមការងារចម្រុះ របស់មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម សាខាក.ប.ប. និងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមត្រួតពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាព ដើម្បីធានាឱ្យមានតម្លាភាព និងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។
បើតាមក្រសួងពាណិជ្ជកម្ម, នាពេលកន្លងមក ក្រុមការងារចម្រុះបានពិនិត្យបូកសរុប និងផ្ទៀងផ្ទាត់ ឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២ ០០០ ទីតាំងដែលបានបិទ ឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃ អនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។
ក្រោយពី ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ និងដេប៉ូ បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនោះ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៕
