រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងផ្សព្វផ្សាយរបាយការណ៍ជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ។
ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោម លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណ ៥០០រូប។
សូមជម្រាបជូនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងបង្ហាញពីលទ្ធផល នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃ ទៀតជាដាច់ខាត ៕
