នាយករដ្ឋមន្ត្រីថៃថា ប្រទេសថៃ ទំនងជាមិនប្រឈមមុខ នឹងកង្វះខាតប្រេងឥន្ធនៈទេ
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃទី១៥ ខែមីនាថា ប្រទេសថៃ ទំនងជាមិនប្រឈមមុខ នឹងកង្វះខាតប្រេងឥន្ធនៈទេ ទោះបីជាមានភាពមិនប្រាកដប្រជាទូទាំងពិភពលោកក៏ដោយ ដោយលោកជំរុញឱ្យសាធារណជនសន្សំសំចៃថាមពល ខណៈពេលដែលធានាថា ការផ្គត់ផ្គង់ប្រេងនៅតែមានស្ថេរភាព ។
យោងតាមសារព័ត៌មាន ThaiGer ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា លោក អនុទីន បានថ្លែងនៅក្នុងវិមានរដ្ឋសភាថា ប្រទេសថៃ នឹងរក្សាការលក់ប្រេងទៅឱ្យប្រទេសឡាវ ដោយបន្ថែមថា ប្រទេសនេះមិនប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈភ្លាមៗនោះទេ។
លោកនិយាយថា ក្រុមហ៊ុនជួញដូរប្រេងធំៗ រួមទាំងក្រុមហ៊ុន Thai Oil, Bangchak, Shell និង SPRC (Caltex) បានបញ្ជាក់ថា បច្ចុប្បន្នមិនមានសញ្ញាណាមួយដែលបង្ហាញថា ប្រទេសថៃនឹងអស់ប្រេងឥន្ធនៈនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញ ឱ្យសាធារណជនប្រើប្រាស់ថាមពលដោយប្រុងប្រយ័ត្នជាងមុន ដោយសារតែភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីជម្លោះអន្តរជាតិ ។
ទុនបម្រុងប្រេងរបស់ប្រទេសថៃបានកើនឡើងពីប្រហែល ៦០ ថ្ងៃ ដល់ប្រហែល ៩០ ថ្ងៃ ហើយអាចឈានដល់ ១០០ ថ្ងៃ ប្រសិនបើការប្រើប្រាស់ត្រូវបានកាត់បន្ថយ ហើយការនាំចេញនៅតែមានកម្រិត៕
ប្រែសម្រួលៈ ណៃ តុលា
