អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្លាំងមហាសាមគ្គី ដើម្បីបុព្វហេតុជាតិ ពិតជាខ្លាំងក្លាក្រៃលែង
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា ក្នុងសារអបអរសាទរ ខួប៤៧ឆ្នាំ នៃទិវាជ័យជំនៈ ៧ មករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាស់ស្មារតីកូនខ្មែរថានៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត ជនរួមជាតិគ្រប់រូបត្រូវបន្ត លើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិ ។
ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារទៅកាន់វីរយុទ្ធជន និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ក៏បានអង្រួនស្មារតីកូនខ្មែរដែរថា ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជននៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់» ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់គ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទារសន្តិភាពបានលាន់លឺគ្រប់ទិសទី ពោលគឺទីណាមានជនជាតិខ្មែររស់នៅ ទីនោះមានកម្លាំងសាមគ្គីដើម្បីការពារបូរណភាពទឹកដី” ។
លោកបន្ថែមថា ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ និងកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ក្រោមគោលនយោបាយការទូត សកម្មដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងដ៏ពិតប្រាកដ របស់ខ្មែរក្នុងការការពារបូរណភាពទឹកដី៕
