ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ពិភាក្សាបញ្ហាជម្លោះ និងច្រកសមុទ្រ Hormuz ជាមួយនឹង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន Shehbaz Sharif កាលពីថ្ងៃចន្ទហើយ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងតេហរ៉ង់ ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់មិនបានផ្តួចផ្តើមជម្លោះ ដែលកំពុងបន្តជា មួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានពណ៌នាការការពារទឹកដីអ៊ីរ៉ង់ថាជា សិទ្ធិដែលត្រូវតែធ្វើរបស់ខ្លួន។

លោកបាននិយាយថា ទីក្រុងតេអេរ៉ង់នៅតែប្តេជ្ញាចិត្ត ចំពោះស្ថិរភាពក្នុងតំបន់ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស និងបានជំរុញប្រទេសជិតខាងមិនឱ្យអនុញ្ញាតឱ្យទឹកដី ឬកន្លែងរបស់ពួកគេត្រូវបានប្រើ សម្រាប់ការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយព្រមានថាសកម្មភាពបែបនេះ អាចជំរុញឱ្យមានអស្ថិរភាពបន្ថែមទៀត។

លោកPezeshkian បានសន្មតថា មានការរំខានដល់ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz ចំពោះជម្លោះដោយនិយាយថា អ៊ីរ៉ង់បានចាត់វិធានការ ដើម្បីធានាសន្តិសុខ ដែនសមុទ្រហើយនឹង ជួយសម្រួលដល់ការឆ្លងកាត់សម្រាប់នាវា ដែលមិនមានទំនាក់ទំនងជាមួយ អ្នកឈ្លានពានទាំងនោះ។

លោក Sharif បានសម្តែងការព្រួយបារម្មណ៍ចំពោះការកើនឡើងនេះ និងបានចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះហើយ លោកក៏​បាន​អំពាវនាវ ​ឱ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ជា​សមូហភាព ជា​ពិសេស​ក្នុង​ចំណោម​ ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ស្ដារ​ស្ថិរភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top