ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាអាទិភាពមួយ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ក្នុងរបៀបវារៈនយោបាយ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣១ ខែមីនា លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ក្នុងនោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង លើកិច្ចការអាទិភាពសំខាន់ៗ របស់ជាតិផ្សេងទៀត។

លោកថា រាជរដ្ឋាភិបាលនីតិកាលទី៦ រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

អ្នកនាំពាក្យបញ្ជាក់ថា “ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាព ក្នុងរបៀបវារៈនយោបាយរបស់ខ្លួនពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក” ។

លោកប៉ែន បូណាបន្ថែមថា សម្តេចធិបតី នាយករដ្ឋមន្ត្រីចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួម ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំង មហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់ នូវរាល់បញ្ហាអសកម្ម ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ៕

To Top