អត្ថបទ

កម្មវិធីសេវា ដឹកជញ្ជូនទំនិញ ក្រុមហ៊ុន TADA រក្សាទំនាក់ទំនង អាជីវកម្ម និងអតិថិជន ក្នុងគ្រាលំបាក

ភ្នំពេញ៖ ប៉ុន្មានខែ មុនពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណាជាសកល អាជីវកម្ម របស់ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប និងបានផ្ដល់ជូនសេវាកម្ម សម្រាប់អតិថិជនធម្មតា។

លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។ ហើយអរគុណដល់អតិថិជន ដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង។»

ប៉ុន្តែក្តីស្រមៃ ក្នុងការបើកសាខា ឫវិនិយោគបន្ថែម ទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែល វីរុសវាយលុកប្រទេសកម្ពុជា ហើយអាជីវកម្ម របស់ភោជនីយដ្ឋាននេះ ក៏ដូចជា អាជីវកម្មដ៏ទៃទៀត នៅពាសពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។

លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា៖ «អាជីវកម្មរបស់យើង ទទួលរងផលប៉ះពាល់ ខ្លាំងមែនទែន ពីភ្ញៀវ១០០% ចុះមកសល់៣០%។ អីចឹង ពួកយើងបានសម្រេចចិត្ត បិទហាងបណ្ដោះអាសន្ន នៅក្នុងខែមេសា។»

ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែ លោក រិទ្ធីយ៉ា បានចាប់ផ្តើមគិត ថាតើគាត់ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាជីវកម្មរបស់គាត់ អាចបន្តរកចំណូលបាន។

លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា៖ «ចៃដន្យ ខ្ញុំបានឆែកមើល ក្នុងហ្វេសប៊ុក មិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពី ព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ ឲ្យដំណើរការ deliveryហ្នឹង ហើយខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្ត work ជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើម នៅថ្ងៃទី១ឧសភាហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន។»

លោក រិទ្ធីយ៉ា បានមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ ពេលដែលគេផ្ដល់ សេវាមួយឥតគិតថ្លៃ យើងបានសន្សំ លើការចំណាយរបស់យើង។ អ្វីដែលសំខាន់ ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការ ផ្សព្វផ្សាយទៅដល់ channel ផ្សេងៗថា មាតុភូមិ សាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយ free។ អីចឹង អតិថិជនគាត់ ឮសូរអីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អីចឹងក៏គាត់កុម្ម៉ង់ បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកុម្ម៉ង់ ច្រើនជាងមុន ប្រហែលជាង១៥%។»

អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថា អាជីវកម្មរបស់គាត់ នៅមានស្ថិរភាពដដែល ដោយសារគុណភាព នៃផលិតផលរបស់គាត់។

អ្នកនាង ស្រីពៅ បានបន្ថែមថា៖ «អីចឹង ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូល បានថេរដូចមុនអីចឹង។»

កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រង ផ្នែកអនឡាញ នៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែម ទៅលើសេវាដឹកជញ្ជូន ដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបាន ការកុម្ម៉ង់ទិញច្រើន ពីអតិថិជន។

កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖ «មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់ សេវាកម្មអនឡាញ របស់ Baby Outlet ដឹកអត់ទាន់ទេ ទើប Baby Outlet យើងជ្រើសរើស នូវសេវាកម្មដឹកជញ្ជូន TADA។ ចា៎! គឺថាគាត់សម្រួល ឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន ចា៎!»

សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃ កាលពីខែមេសានិងឧសភា ក៏ទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ។

លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា៖ «ដល់ពេលវាមក [កូវីដ១៩] វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០%ហើយហ្នឹង បានតែ១០ ២០% ជួនកាលគ្មានផង។»

លោកបានបន្តថា «តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏៣០% ៤០%អីដែរ។ TADA គេអត់មានកាត់ជើងសារពីdriver ទេ អីចឹងយើងចំណេញ អាហ្នឹងមួយដែរ។»

ក្រុមហ៊ុន TADA បានឲ្យដឹងថាការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការជួយឲ្យអាជីវករ អាចរក្សាដំណើរការ អាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូល ដល់អ្នករត់កង់បីផងដែរ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយ ដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើង ទាំងអស់គ្នា ជាពិសេសនោះគឺ ចង់ចូលរួមចំណែក ក្នុងការសម្រាលបន្ទុក របស់រដ្ឋាភិបាល ដែលគាត់ព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាព សេដ្ឋកិច្ចរបស់យើង ឲ្យល្អដូចដើមវិញ។ មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗ ជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះ សុទ្ធតែជាផ្នែកមួយ ដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែក ក្នុងការសម្រេច បាននូវចក្ខុវិស័យ រយៈពេលវែងរបស់យើង។»

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ របស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវា ដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ។

អតិថិជនក៏អាច ប្រើសេវាកម្មដឹកជញ្ជូន រហ័សបានផងដែរ ដោយកម្រៃសេវាដឹក គឺប្រែប្រួលទៅតាម រយៈចម្ងាយ នៃការដឹកនោះ។

លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖ «ថ្ងៃនេះ កើតកូវីដ-១៩។ ថ្ងៃក្រោយ យើងអត់ដឹងថា កើតមានអីទេ។ ដូច្នេះខ្ញុំចង់ recommend ទៅដល់អាជីវករ និងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើល ទៅការរកស៊ីតាមលក្ខណៈ technology ឬក៏តាមអនឡាញ៕»

To Top