អភិបាលខេត្តតាកែវ បញ្ជាសមត្ថកិច្ចជំនាញបង្ក្រាបក្មេងទំនើង-ចាស់ទំនើងនាថ្ងៃចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្ត ប្រើប្រាស់កម្លាំងបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃចូលឆ្នាំខ្មែរឱ្យបានជាដាច់ខាត ។
ការលើកឡើងរបស់អភិបាលខេត្តតាកែវនេះ បន្ទាប់ពីមានករណីក្មេងៗស្រីបានវាយទាត់ធាក់គ្នាក្នុងកម្មវិធីសង្ក្រាន្តមួយកន្លែងនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសាដែលបានប្រែក្លាយពីកម្មវិធីសប្បាយជាទៅរឿងសោកសៅទៅវិញ ។
ក្រោយឃើញមានហិង្សាបែបនេះ ក្នុងកម្មវិធីសប្បាយបែបនេះ លោក វ៉ី សំណាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៦ មេសាសនេះ បានសង្កត់ធ្ងន់ថា ដោយសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ ក្មេងៗ មួយចំនួនតូច តាមរយៈការបង្កអំពើហិង្សា អំពើរំខានផ្សេងៗ ដល់ការរស់នៅរបស់អ្នកដទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឱ្យបាន ។
លោកសង្កត់ធ្ងន់ថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ គ្រប់វត្តអារាម ទីសាធារណៈនានា ត្រូវហាមលេងល្បែងបាញ់ទឹក-ប៉ាតម្សៅ ដែលជាហេតុនាំឱ្យមានបញ្ហាហិង្សាកើតឡើងជាយថាហេតុ ៕
