ម៉ាឡេស៊ី ទទួលភ្ញៀវទេសចរ ៣២ លាននាក់ ក្នុងរយៈពេល ៩ខែ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍
បរទេស ៖ ប្រទេសម៉ាឡេស៊ី បានកត់ត្រាចំនួនភ្ញៀវទេសចរ អន្តរជាតិចូលមកកម្សាន្តចំនួន ៣២,២ លាននាក់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលតួលេខនេះបានកើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាតួលេខខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Dewan Rakyat ដែលបានស្រង់សម្ដីលោក Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ បានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់ម៉ាឡេស៊ី រកចំណូលបានប្រមាណ ៣២៣ ប៊ីលានរីងហ្គីត (ស្មើនឹងប្រហែល ៧៩ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៩ខែនេះ ដែលស្មើនឹង ១៥,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
អ្នកជំនាញក្នុងវិស័យនេះ បានភ្ជាប់កំណើនដ៏គួរឱ្យកត់សម្គាល់នេះ ទៅនឹងការពង្រីកផ្លូវហោះហើរត្រង់ និងការកើនឡើងនូវព្រឹត្តិការណ៍អន្តរជាតិនានា ដែលរៀបចំឡើងនៅក្នុងប្រទេស។
ជាក់ស្តែង ក្នុងត្រីមាសទី២ ប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិចំនួន ១២៥ ដែលជាការកើនឡើង ៨១,២% ខណៈចំនួនប្រតិភូអន្តរជាតិបានកើនឡើង ១០៥,២% ដល់ចំនួន ៨៣.៥៩៦ នាក់។
លោក Tiong បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ី បានត្រៀមថវិកាចំនួន ១០ លានរីងហ្គីត ដើម្បីទាក់ទាញព្រឹត្តិការណ៍ MICE (ការប្រជុំ ការផ្តល់រង្វាន់លើកទឹកចិត្ត សន្និសីទ និងការតាំងពិព័រណ៍) ក៏ដូចជាការប្រកួតកីឡាអន្តរជាតិធំៗ ឱ្យមកប្រារព្ធនៅប្រទេសរបស់ខ្លួន។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី ក៏បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៤ ដែលក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២១ ដើម្បីគាំទ្រដល់ខ្សែហោះហើរអន្តរជាតិចំនួន ៤៦ ខ្សែ។ ក្នុងចំណោមនោះ មាន ៣៥ ខ្សែជាផ្លូវហោះហើរថ្មី ដូចជាការតភ្ជាប់ពីទីក្រុងសៀងហៃ-តាវ៉ូ (Tawau), សៀងហៃ-ប៉េណាំង (Penang), ស៊ីមិន (Xiamen)-កូតាគីណាបាលូ (Kota Kinabalu) និង ហ្វ្រែងហ្វឺត (Frankfurt)-គូឡាឡាំពួរ ជាដើម។
ប្រទេសម៉ាឡេស៊ីបានលេចធ្លោជាចំណុចទាក់ទាញបំផុតនៅក្នុងវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេសជិតខាងមួយចំនួនកំពុងរាយការណ៍ពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។
ជាឧទាហរណ៍ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៣,៤ លាននាក់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ៣,៨៨% បើធៀបនឹងឆ្នាំមុន។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្តនៅប្រទេសសិង្ហបុរី ចន្លោះពីខែមករាដល់ខែកញ្ញា មានការធ្លាក់ចុះ ១,៧% មកនៅត្រឹម ១២,៦ លាននាក់ ខណៈចំនួនភ្ញៀវទេសចរដែលមកប្រទេសកម្ពុជាបានធ្លាក់ចុះ ៤៣,៧% មកនៅត្រឹម ២,៤៦ លាននាក់៕
ប្រែសម្រួល៖ គីរី
