រាជរដ្ឋាភិបាល បើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសួនសាធារណៈ ឱ្យពលរដ្ឋចូលទស្សនាក្នុងថ្ងៃចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ ។
យោងតាមសេចក្តីណែនាំរបស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.)បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង)នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ។
ដូច្នេះប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើនរួមមាន ៖ អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ , តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP) , ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ដែលសុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ ។
សូមបញ្ជាក់ថា ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៩ មេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង៩យប់ ។ ក្នុងនោះ ពលរដ្ឋចូលកម្សាន្តដោយថ្មើរជើង ចេញ-ចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។ សម្រាប់ពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។ ដោយឡែកពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។
ជាមួយគ្នានេះ ក៏មានការហាមដាច់ខាតមិនឱ្យលក់ដូរ, មិនឱ្យពិសាគ្រឿងស្រវឹង ។ ចំពោះការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និងការផ្ញើឡាន ត្រូវបង់កម្រៃ ២ ០០០ រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់មិនយកកម្រៃចាប់ពីម៉ោង៥ ព្រឹក រហូតដល់ម៉ោង៩ យប់ ។អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានផ្ទេររាល់ប្រតិបត្តិការហោះហើរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី៕
