សម្តេចតេជោ ត្រៀមខ្លួនបន្តធ្វើការ ជាមួយប្រធានាធិបតី មីយ៉ាន់ម៉ា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយលោក មីន អ៊ុងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់ ទំនាក់ទំនងបន្ថែមទៀត។
យោងតាមសារលិខិត ផ្ញើជូនលោក មីន អ៊ុងឡាំង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើន ព្រមទាំងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ដែលត្រូវបានផ្សារ ភ្ជាប់យ៉ាងជ្រៅដោយភាពជារួមនៃសាសនា និងវប្បធម៌ ក៏ដូចជាការយោគយល់គ្នា និងការគោរព គ្នាទៅវិញទៅមក។
សម្តេចតេជោជឿជាក់ថា ទំនាក់ទំនងទាំង និងកិច្ចសហប្រតិបត្តិការ នឹងបន្តអភិវឌ្ឍន៍ ក្នុងអាណត្តិរបស់ឯកឧត្តម ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ។
សម្តេចតេជោសង្កត់ធ្ងន់ថា សម្តេចបានត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនទាំងពីរ ដែលតាមរយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ឯកឧត្តម មីន អ៊ុងឡាំង ត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦៕
