លោក ហ្សង់ ហ្វ្រង់ស័រតាន់ ៖ កម្ពុជាទាមទារយកទឹកដីថៃ កាន់កាប់មកវិញឱ្យទាល់តែបាន
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានថ្លែងការបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានរយៈពេលជិតមួយឆ្នាំមកនេះ ដើរមកដល់ចំណុចមួយទាមទារឱ្យកម្ពុជាគិតឱ្យបានស៊ីជម្រៅ និងវែងឆ្ងាយ ដើម្បីទាមទារទឹកដីមកវិញ ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយមាតុភូមិនិវត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាពីប្រទេសបារាំងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ថា ជម្លោះរវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយជិតរយៈពេលមួយឆ្នាំមកនេះ ទាមទារឱ្យកម្ពុជាគិតវែងឆ្ងាយ និងលំអិតជាទីបំផុត ដើម្បីទាមទារយកទឹកដីដែលយោធាថៃ កំពុងគ្រប់គ្រងដោយខុសច្បាប់ យកមកវិញឱ្យទាល់តែបាន។

លោកបញ្ជាក់ថា “ស្ថានភាពនៅទល់ដែនកម្ពុជា-ថៃ ដើរមកដល់របត់មួយដែលទាមទារឱ្យកម្ពុជាយើងគិតជ្រៅ គិតវែងឆ្ងាយ លំអិត និងបែបយុទ្ធសាស្រ្តជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវទាមទារឱ្យទាល់តែបានមកវិញ នូវទឹកដីដែលថៃកាន់កាប់ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល មិនបាច់សង្ស័យទេ ហើយមិនបាច់ស្តាប់ការឃោសនារបស់អ្នកដទៃទេ” ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះហើយជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលដែលធ្វើឡើងតាមគ្រប់មធ្យោបាយ ដោយភាពត្រឹមត្រូវ គ្រប់ពេលវេលា និងលំអិតជាទីបំផុត ។ ដោយលោកបានស្នើឱ្យជនរួមជាតិ កុំស្តាប់តាមការឃោសនា និងញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលគិតតែដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃទី២៧ ធ្នូ មក យោធាថៃ បានបំពានចូលកាន់តែជ្រៅ មកលើទឹកដីកម្ពុជា ដោយបានកាន់កាប់ទឹកមួយចំនួនខុសច្បាប់ ។ ជាក់ស្តែងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងយោធាថៃ បានធ្វើសកម្មភាពចល័តរថពាសដែក ចំនួន២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្ត ច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ ដែលភាគីថៃ បានហ៊ុំមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធា ដោយមិនមានការជូនដំណឹងជាមុន ដល់ក្រុមទំនាក់ទំនង របស់យោធភូមិភាគទី៤ កម្ពុជាឡើយ៕
