ព័ត៌មានជាតិ

សម្តេចតេជោ ឯកភាពការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ បក្សកុម្មុយនីស្ត វៀតណាម ដើម្បីការពារពីកំលាំងអមិត្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានឯកភាព ចំពោះការលើកឡើង របស់សមាជិកប្រចាំការ គណៈលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឱ្យបង្កើនកិច្ចសហការតាមព្រំដែន ដើម្បីការពារពីកំលាំងអមិត្តណាមួយ មានបំណងមិនល្អមកលើកម្ពុជានិងវៀតណាម។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា លោកត្រិន កឹមទូ បានរំលេចអំពី ការសាមគ្គីភាពគ្នា រវាងប្រទេសទាំងពីរ ដើម្បីការពារពីកំលាំង អមិត្តដែលមានបំណងមិនល្អ ចង់យកប្រទេសណាមួយរវាងកម្ពុជានិងវៀតណាម ដើម្បីប្រឆាំងទៅនឹងប្រទេសកម្ពុជា ឬវៀតណាម ។
ជាកិច្ចឆ្លើយតប សម្តេចតេជោបានឯកភាពចំពោះតាមការលើកឡើងរបស់លោក ត្រិន កឹមទូ អំពីកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន ។

អ្នកនាំពាក្យបញ្ជាក់ថា “ក្នុងឱកាសនោះ សម្តេចតេជោបានឯកភាពទាំងស្រុង ចំពោះការលើកឡើង របស់សមាជិក ការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជាពិសេសនៅត្រង់ចំណុចទាក់ទងទៅនឹងការសហការគ្នា នៅតាមព្រំដែនដែលសម្តេចបានជំរុញបន្ថែមទៀត ឱ្យបណ្តាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធ” ។
អ្នកនាំពាក្យព្រឹទ្ធសភាគូសបញ្ជាក់ថា មូលហេតុសម្តេចតេជោស្នើឱ្យបង្កើនភាពស្និទ្ធស្នាល បន្ថែមទៀត ក្នុងគោលបំណងធានាឱ្យបាននូវស្ថិរភាព និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕

To Top