មេដឹកនាំវៀតណាម និងប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់ ១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០
បរទេស៖ លោក To Lam អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋរបស់ប្រទេស វៀតណាម កាលពីថ្ងៃពុធ បានជួបពិភាក្សាជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅ ទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍កម្រិតរដ្ឋដែលបានធ្វើឡើងសម្រាប់ភ្ញៀវកិត្តិយស។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ភាគីទាំងពីរបានគូសបញ្ជាក់ ពីតម្រូវការក្នុងការសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកដែលកំពុងវិវត្ត រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវចំណូលពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។
មេដឹកនាំទាំងពីរបានប្តេជ្ញាសម្រួលពាណិជ្ជកម្ម បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក និងគាំទ្រសហគ្រាសវៀតណាមក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់កូរ៉េ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។
លោក To Lam អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម បានកោតសរសើរយ៉ាងខ្លាំងចំពោះការវិនិយោគ និងការរួមចំណែក របស់សហគ្រាសកូរ៉េចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយបានស្វាគមន៍ការពង្រីក ជាបន្តបន្ទាប់របស់ពួកគេ ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ បន្ទះឈីប មជ្ឈមណ្ឌលទិន្នន័យ AI ទ្រង់ទ្រាយធំ កំពង់ផែឆ្លាតវៃ និងការសាងសង់កំពង់ផែសមុទ្រជំនាន់ក្រោយ។
ប្រែសម្រួលៈ ណៃ តុលា
