ព័ត៌មានជាតិ

មូលនិធិសកល បន្តគាំទ្រវិស័យសុខាភិបាល លុបបំបាត់ជំងឺគ្រុនចាញ់ របេង និងអេដស៍

ភ្នំពេញ ៖ មូលនិធិសកល (Global Fund) បានបញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍នៅកម្ពុជា ។

ក្នុងជំនួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារ មូលនិធិសកល (Global Fund Country Team) បានសាទរក្រសួងសុខាភិបាល សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន ស្របតាមផែនការ និងគោលដៅដែលបានគ្រោងទុកសម្រាប់គម្រោងនីមួយៗ។ លោកស្រីបន្តថា មូលនិធិសកល បានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងអេដស៍ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ។

លោកស្រីប្រធានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការ ពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ដោយផែនការ យុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ (HSP4) ព្រមទាំងសហការបន្ថែមទៀត តាមរយៈការបន្តគាំទ្រ ការៀបចំកិច្ចសន្ទនាកម្រិតប្រទេស សម្រាប់រៀបចំស្នើគម្រោងជំនួយរបស់មូលនិធិសកលជុំទី៨ ឆ្នាំ២០២៧-២០២៩ ។

សាស្ត្រាចារ្យរដ្ឋមន្ត្រីថ្លែងអំណរគុណមូលនិធិសកលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។

សាស្ត្រាចារ្យរដ្ឋមន្ត្រីបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញកិច្ចខិតខំទ្វេដងបន្ថែមទៀត ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត ស្របពេលដែលជំនួយពីខាងក្រៅកំពុងត្រូវបានកាត់បន្ថយ ព្យាយាមគ្រប់លទ្ធភាពក្នុងការធានានិរន្តរភាព នៃកម្មវិធីជាតិទាំង៣ សម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ។
ជាមួយគ្នានេះ សាស្ត្រាចារ្យ រដ្ឋមន្ត្រី បានរំលេចផែនការយុទ្ធសាស្ត្ររឹងមាំសំខាន់បំផុតមួយ ដែលបានចាប់ផ្តើមអនុវត្ត ចាប់ពីដើមអាណត្តិ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គឺការពង្រឹងការថែទាំសុខភាពបឋម ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់មូលនិធិសកល បន្តសហការជាមួយក្រុមការងារដឹកនាំគម្រោងមូលនិធិសកលក្រសួងសុខាភិបាល រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត រួមជាមួយនឹងជំនាញបច្ចេកទេសថ្មីៗ ជម្រុញប្រសិទ្ធភាពគម្រោង ធានានិរន្តរភាពកម្មវិធី សំដៅសម្រេចបានលទ្ធផល និងគោលដៅតាមការគ្រោងទុក៕

To Top